ជ័យលាភី១០រូបឈ្នះការប្រកួតតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០១៩
ប្រធាននាយកដ្ឋានសៀវភៅនិងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក កុក រស់ បានឱ្យដឹងក្នុងពិធីប្រកាស និង ប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី លើកទី២១ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពលោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ថា ឆ្នាំនេះ មានកវីនិពន្ធចូលរួមប្រកួតប្រជែងចំនួន ៩១ ស្នាដៃ ផ្នែកប្រលោមលោកមាន ៦៨ ស្នាដៃ និងកំណាព្យមាន ២៣ ស្នាដៃ។ លោកថានេះគឺជាតួលេខខ្ពស់ជាងគេបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះបើប្រៀបធៀបជាមួយឆ្នាំកន្លងមក។
លោកបន្តថា នៅក្នុងឆ្នាំ២០១៩នេះ ជ័យលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០១៩ មាន ១០ រូប ផ្នែកប្រលោមលោក ៥រូប និងកំណាព្យ ៥រូប និងមានរង្វាន់កិត្តិយស ១០ រង្វាន់។
លោក កុក រស់ បញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់យកឈ្មោះពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ជានិរន្តរ៍មិនមានការផ្លាស់ប្តូរឈ្មោះទៀតទេ ដោយផ្លាស់ប្តូរតែឆ្នាំប៉ុណ្ណោះ។
គួររម្លឹកថា៖ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី បានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០ មកម៉្លេះ ដោយមានឈ្មោះថា ពានរង្វាន់អក្សរសិល្ប៍ ឥន្ទ្រទេវី ហើយបានធ្វើការប្រឡងប្រជែងចំនួន ៣ លើកនៅឆ្នាំ ១៩៦០ ១៩៦៣ និងឆ្នាំ១៩៦៧ ។ ចាប់តាំងពីឆ្នាំ២០០២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំឱ្យមានការប្រឡងដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឡើងវិញ ជាបន្តបន្ទាប់ ដោយបានប្តូរឈ្មោះពានរង្វាន់ផ្សេងៗ ដោយយកព្រះនាមព្រះមហាក្សត្រ ឈ្មោះឥស្សរជននិងឈ្មោះកវីនិពន្ធល្បីៗពីអតីតកាលមកដាក់ មានដូចជា ៖ ពានរង្វាន់ព្រះបាទសុរាម្រឹត ព្រះរាជសម្ភារ ព្រះបាទអង្គឌួង សម្តេចព្រះសង្ឃរាជ ជួន ណាត សម្តេច ហ៊ុន សែន លោក នូ កន និង លោក រឹម គិន ជាដើម សរុបមានឈ្មោះពានរង្វាន់អក្សរសិល្ប៍ចំនួន ១៨ ពានរង្វាន់៕