ការប្រកួតតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០១៩

ជ័យលាភី១០រូបឈ្នះការប្រកួតតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០១៩

ប្រធាននាយកដ្ឋានសៀវភៅនិងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក កុក រស់  បានឱ្យដឹងក្នុងពិធីប្រកាស និង ប្រគល់ពាន​រង្វាន់ព្រះនាងឥន្ទ្រទេវី លើកទី២១ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមអធិបតីភាពលោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ថា​ ឆ្នាំនេះ មានកវីនិពន្ធចូលរួមប្រកួតប្រជែងចំនួន ៩១ ស្នាដៃ ផ្នែកប្រលោមលោកមាន ៦៨ ស្នាដៃ និងកំណាព្យមាន ២៣ ស្នាដៃ។ លោកថា​នេះគឺជាតួលេខខ្ពស់ជាងគេបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះបើប្រៀបធៀបជាមួយឆ្នាំកន្លងមក។ 

លោកបន្តថា​ នៅក្នុងឆ្នាំ២០១៩នេះ ជ័យលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០១៩ មាន ១០ រូប ផ្នែកប្រលោមលោក​ ៥រូប និងកំណាព្យ ៥រូប និងមានរង្វាន់កិត្តិយស ១០ រង្វាន់។

លោក កុក រស់ បញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់​យកឈ្មោះពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ជានិរន្តរ៍មិនមានការផ្លាស់ប្តូរឈ្មោះទៀតទេ ដោយផ្លាស់ប្តូរតែឆ្នាំប៉ុណ្ណោះ។

គួររម្លឹកថា៖ ពានរង្វាន់ព្រះនាងឥន្ទ្រទេវី បានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០ មកម៉្លេះ ដោយមានឈ្មោះថា ពានរង្វាន់អក្សរសិល្ប៍ ឥន្ទ្រទេវី ហើយបានធ្វើការប្រឡងប្រជែងចំនួន ៣ លើកនៅឆ្នាំ ១៩៦០  ១៩៦៣ និងឆ្នាំ១៩៦៧ ។​ ចាប់តាំងពីឆ្នាំ២០០២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំឱ្យមានការប្រឡងដណ្តើមពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឡើងវិញ ជាបន្តបន្ទាប់​ ដោយបានប្តូរឈ្មោះពានរង្វាន់ផ្សេងៗ ដោយយកព្រះនាមព្រះមហាក្សត្រ ឈ្មោះឥស្សរជននិងឈ្មោះកវីនិពន្ធល្បីៗពីអតីតកាលមកដាក់ មានដូចជា ៖ ពានរង្វាន់ព្រះបាទសុរាម្រឹត ព្រះរាជសម្ភារ  ព្រះបាទអង្គឌួង  សម្តេចព្រះសង្ឃរាជ ជួន ណាត  សម្តេច ហ៊ុន សែន  លោក នូ កន និង លោក រឹម គិន ជាដើម សរុបមានឈ្មោះពានរង្វាន់អក្សរសិល្ប៍ចំនួន ១៨ ពានរង្វាន់៕


ប្រព័ន្ធបណ្ណាល័យ

Main Library
E-Book

ដៃគូសហការ

Korean Environment Institute
Can Tho University