ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត

 «ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត»​​ ជាប្រធានបទដែលត្រូវបានលើកឡើងក្នុងទិវាអំណានជាតិឆ្នាំ២០១៩​ ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា។ 

បើតាមប្រសាសន៍លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាសបើកទិវាអំណានជាតិឆ្នាំ២០១៩​ថា​ ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល នឹងអនុម័តគោលនយោបាយស្តីពីការសិក្សាពេញមួយជីវិតដែលមាន ចក្ខុវិស័យ ជំរុញប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត ក្នុងគ្រប់ ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណតម្លៃ ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិត បុគ្គលនិងសង្គម។

លោកជំទាវបានស្នើសូមក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីជំរុញការអានសម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព។ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីពាក់ព័ន្ធអំណាន និងស្វែងរកប្រភពសម្រាប់អំណាន ឱ្យកាន់តែសម្បូរបែបនិងមានភាពបត់ បែន ឆ្លើយតបនឹងតម្រូវការអ្នកអាន ហើយ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការ អភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសម្រាប់អំណាន។

គួរបញ្ជាក់ថា​៖​ ប្រទេសកម្ពុជាបានកំណត់យកថ្ងៃទី១១ ខែមីនា ជាទិវាអំណានជាតិ​ តាមរយៈអនុក្រិត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន។ បើតាមខ្លឹមសារអនុក្រឹត្យបានឱ្យដឹងថា​ ការកំណត់យកថ្ងៃទី១១​ មីនា ជាទិវាអំណានជាតិជារៀងរាល់ឆ្នាំ​ ដោយសារជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត៕


ប្រព័ន្ធបណ្ណាល័យ

Main Library
E-Book

ដៃគូសហការ

Korean Environment Institute
Can Tho University